នៅតាមទីតាំងផ្សេងៗ ដូចជាហាងកាហ្វេ សណ្ឋាគារ ផ្សារទំនើប អាកាសយានដ្ឋាន និងទីតាំងដទៃទៀតជាច្រើនដែលបានផ្តល់ជូនអតិថិជនរបស់ពួកគេនូវការប្រើ Wi-Fi ដោយឥតគិតថ្លៃ ដើម្បីឱ្យពួកគេអាចឆែកមើលអ៊ីមែល តាមដានបណ្ដាញសង្គម ឬលេងអ៊ីនធឺណិតបានយ៉ាងស្រួលពេលចេញមកខាងក្រៅ។
ទន្ទឹមនឹងនេះដែរ ឧក្រិដ្ឋជនតាមអ៊ីនធឺណិត ជារឿយៗនឹងឈ្លបយកការណ៍លើបណ្ដាញWi-Fi សាធារណៈទាំងនោះដើម្បីលួចទិន្នន័យដែលត្រូវបានផ្ទេរឆ្លងកាត់ក្នុងចរាចរណ៍អ៊ីនធឺណិតសាធារណៈដែលពួកគេកំពុងប្រើ។
តាមបច្ចេកទេសផ្សេងៗរបស់ពួកគេ ឧក្រិដ្ឋជនអាចចូលមើលព័ត៌មានសម្ងាត់ធនាគាររបស់អ្នកប្រើប្រាស់ ពាក្យសម្ងាត់គណនី និងព័ត៌មានដ៏មានតម្លៃផ្សេងទៀត។
យោងតាមការស្ទង់មតិនាពេលថ្មីៗនេះរបស់ក្រុមហ៊ុនកម្មវិធីកម្ចាត់មេរោគ Kaspersky បានរកឃើញថា ៧០% នៃអ្នកប្រើថេប្លេត និង ៥៣% នៃអ្នកប្រើស្មាតហ្វូន គឺចូលចិត្តប្រើប្រាស់ Wi-Fi សាធារណៈ។
ដោយសារតែទិន្នន័យដែលបានធ្វើចរាចរណ៍តាមរយៈ Wi-Fi សាធារណៈងាយស្រួល និងត្រូវបានស្ទាក់ចាប់ពីអ្នកវាយប្រហារនៅកណ្តាល អ្នកប្រើប្រាស់ឧបករណ៍ចល័ត ដូចជាទូរសព្ទ និងកុំព្យូទ័រយួរដៃជាច្រើនកំពុងប្រឈមនឹងសុវត្ថិភាពនៃការបាត់បង់ព័ត៌មានផ្ទាល់ខ្លួន អត្តសញ្ញាណឌីជីថល និងលុយរបស់ពួកគេ។ លើសពីនេះ ប្រសិនបើឧបករណ៍ ឬកុំព្យូទ័ររបស់ពួកគេមិនត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាព ឬកម្មវិធីប្រឆាំងមេរោគដ៏មានប្រសិទ្ធភាពនោះទេ ហានិភ័យគឺកាន់តែខ្លាំង។
វិធីសាស្ត្រមួយចំនួនដើម្បីការពារខ្លួនពេលប្រើ Wi-Fi សាធារណៈ៖
- ចៀសវាងចូលទៅកាន់គេហទំព័រណាដែលទាមទារព័ត៌មានផ្ទាល់ខ្លួន ដូចជាព័ត៌មានហិរញ្ញវត្ថុ លេខទូរសព្ទ ឬក៏អាសយដ្ឋាន ជាដើម។
- កុំទិញទំនិញនៅលើអនឡាញដែលតម្រូវឲ្យមានការទូទាត់សាច់ប្រាក់តាមរយៈក្រេឌីតកាតនៅពេលដែលអ្នកប្រើប្រាស់ Wi-Fi សាធារណៈ
- ចៀសវាងចូលទៅកាន់គេហទំព័រណាដែលគ្មាន HTTPS ព្រោះវាបញ្ជាក់ថា គេហទំព័រនោះមិនមានសុវត្ថិភាព។ ដើម្បីកំណត់ថាតើគេហទំព័រមួយមានសុវត្ថិភាព ឬអត់ សូមរកមើល “HTTPS” នៅក្នុងអាសយដ្ឋានគេហទំព័រ។ ឧទាហរណ៍: https:// ។ ប្រសិនជាមានត្រឹមតែ “HTTP” (ដោយគ្មាន “S” នៅខាងចុង) កុំបន្ត។ តាមវិធានសុវត្ថិភាព សូមកុំរុករក ឬប្រើប្រាស់គេហទំព័រដែលមាន HTTP នៅលើ Wi-Fi សាធារណៈ។
- ប្រើប្រាស់បណ្ដាញឯកជននិមិត្ត (VPN) ដើម្បីការពារអ្នក ព្រោះមុខងារនៃបណ្ដាញឯកជននិមិត្ត (VPN) នឹងធ្វើកូដនីយកម្មលើទិន្នន័យដែលអ្នកផ្ញើ និងទទួលអំឡុងពេលប្រើ Wi-Fi សាធារណៈ ដើម្បីការពារព័ត៌មានរបស់អ្នកពីអ្នកប្រើប្រាស់ដទៃទៀតដែលភ្ជាប់លើបណ្ដាញតែមួយ។ ត្រូវបានគេស្គាល់ថាជា VPN វាបង្កើតការតភ្ជាប់សុវត្ថិភាព និងអ៊ីនគ្រីបរវាងឧបករណ៍របស់អ្នក និងអ៊ីនធឺណិត។ វាការពារទិន្នន័យរបស់អ្នកដោយការបម្លែងជាកូដ ដូច្នេះអ្នកដែលមានបំណងមិនល្អនៅលើអ៊ីនធឺណិតមិនអាចដឹងពីអ្វីដែលអ្នកកំពុងធ្វើនៅលើអ៊ីនធឺណិតបានទេ។
- ប្រើកម្មវិធីកម្ចាត់មេរោគដើម្បីរក្សាសុវត្ថិភាពអ្នកពីការរំខានដោយមេរោគកុំព្យូទ័រ ឬកម្មវិធីដែលព្យាយាមជ្រៀតចូលទៅគ្រប់គ្រងឧបករណ៍របស់អ្នក។
- ពិនិត្យមើលមុខងារប៊្លូធូ (Bluetooth) នៅលើឧបករណ៍របស់អ្នក ដោយសារមុខងារនេះអាចឱ្យឧបករណ៍ផ្សេងៗអាចភ្ជាប់ទំនាក់ទំនងគ្នាបាន។ ដូច្នេះ ការបើកមុខងារនេះចោលនៅកន្លែងសាធារណៈ អាចឲ្យអ្នកវាយប្រហារ (Hacker) អាចចូលមកគ្រប់គ្រងឧបករណ៍របស់អ្នក៕