ទិន្នន័យ​របស់​ខ្ញុំ​ធ្លាប់​បែកធ្លាយ​ឬ​ទេ?– តើ “Have I been pwned?” ជា​អ្វី?

Have I been pwned ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នកជំនាញ​សន្តិសុខ​ឈ្មោះ Troy Hunt នៅ​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៣។ វា​គឺជា​គេហទំព័រ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ពិនិត្យ​មើល​ថា តើ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ធ្លាប់​មាន​ការ​បែកធ្លាយ​ឬ​ទេ។

អ្នក​ប្រើប្រាស់​អាច​បញ្ចូល​អាសយដ្ឋាន​អ៊ីមែល​របស់​ពួកគេ ហើយ​ពិនិត្យ​មើល​បញ្ជី​នៃ​ការ​បំពាន​ទិន្នន័យ​ដែល​ភ្ជាប់​ទៅ​នឹង​អាសយដ្ឋាន​អ៊ីមែល​នោះ។ គេហទំព័រ​នេះ​ក៏​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការ​បំពាន​ទិន្នន័យ​នីមួយៗ ដូចជា​ប្រភេទ​នៃ​ការ​រំលោភ​បំពាន និង​ប្រភេទ​ទិន្នន័យ​ជាក់លាក់​ណា​មួយ​ដែល​ត្រូវ​បាន​រួម​បញ្ចូល​នៅ​ក្នុង​ការ​បែកធ្លាយ។

ដើម្បី​ផ្ដល់​ជូន​ទិន្នន័យ​ទាំងអស់​នោះ​បាន វេបសាយ​នេះ​ប្រមូល និង​វិភាគ​ទិន្នន័យ​ពី database dumps និង Pastebin។

អ្នក​ណា​ខ្លះ​ប្រើ​គណនី​អ៊ីមែល​មួយ​ចុះឈ្មោះ​ជាមួយ​សេវាកម្ម​ច្រើន? តស់! មក​ពិនិត្យ​មើល​ទាំងអស់​គ្នា​ថា គណនី​អ៊ីមែល​យើង​ធ្លាប់​ពាក់ព័ន្ធ​ជាមួយ​ការ​បែកធ្លាយ​ទិន្នន័យ​ណា​ដែរ​ឬ​ទេ? អ្នក​ទាំងអស់​គ្នា​អាច​ចូល​ទៅ​មើល​បាន​តាម​ជំហាន​ខាងក្រោម៖

ជំហាន​ទី​១៖ សូម​ចុច https://haveibeenpwned.com/

ជំហាន​ទី​២៖ វាយ​បញ្ចូល​អ៊ីមែល​របស់​អ្នក​ចូល​ប្រអប់​ខាងក្រោម ហើយ​ចុច​ពាក្យ​ថា “pwned?”

ជំហាន​ទី​៣៖ ក្នុង​ករណី​ដែល​អ៊ីមែល​របស់​អ្នក​មាន​សុវត្ថិភាព​ពី​ការ​បែកធ្លាយ គឺ​វា​នឹង​បង្ហាញ​ពណ៌​ខៀវ

ជំហាន​ទី​៤៖ ក្នុង​ករណី​ដែល​អ៊ីមែល​របស់​អ្នក​ត្រូវ​បាន​បែកធ្លាយ​ទិន្នន័យ គឺ​វា​នឹង​ចេញ​ពណ៌​ក្រហម

ជំហាន​ទី​៥៖ ទិន្នន័យ​ដែល​បាន​បែកធ្លាយ​ទាំងនោះ​អាច​មាន៖ ពាក្យ​សម្ងាត់ ភេទ ទីតាំង​ភូមិសាស្ត្រ រូបភាព ឈ្មោះ ទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេងៗ ។-ល-។

ក្នុង​ករណី​រក​ឃើញ​ថា អ៊ីមែល​របស់​អ្នក​ត្រូវ​បាន​បែកធ្លាយ ក៏ប៉ុន្តែ​អ្នក​នៅតែ​ត្រូវ​បន្ត​ប្រើប្រាស់​គណនី​ក្នុង​គេហទំព័រ​ទាំងនោះ​ទៀត សូម​អនុវត្ត​វិធាន​សុវត្ថិភាព​ដូច​ខាងក្រោម។