របៀប​ដែល​ព័ត៌មាន​កាត​ឥណទាន (Credit Card) របស់​អ្នក​ត្រូវ​បាន​លួច

កាត​ឥណទាន គឺជា​មធ្យោបាយ​ងាយស្រួល​ក្នុង​ការ​ចំណាយ​ប្រាក់​ដែល​យើង​បាន​រក​មក​ទាំង​លំបាក ប៉ុន្តែ​វា​ក៏​អាច​បង្កើត​ជា​មធ្យោបាយ​ងាយស្រួល​សម្រាប់​ចោរ​ក្នុង​ការ​លួច​លុយ​របស់​អ្នក​ដែរ។

លេខ​កាត​ឥណទាន​របស់​អ្នក អាច​ត្រូវ​បាន​គេ​លួច​ដោយ​អ្នក​មិន​ដឹង​ខ្លួន រហូត​ទាល់​តែ​អ្នក​ទទួល​បាន​ការ​ជូនដំណឹង​អំពី​របាយការណ៍​ចំណាយ​ណា​មួយ​ដែល​អ្នក​មិន​បាន​ធ្វើ នោះ​អ្នក​ប្រហែលជា​មិន​ដឹង​ថា​ព័ត៌មាន​កាត​ឥណទាន​របស់​អ្នក​ត្រូវ​បាន​គេ​លួច​នោះ​ទេ។

ទិន្នន័យ​ប័ណ្ណ​ឥណទាន​របស់​អ្នក អាច​ត្រូវ​បាន​គេ​លួច​តាម​វិធី​ផ្សេងៗ​គ្នា ដូច​ខាងក្រោម៖

  1. ការ​លួច​កាត​រូបវន្ត
    ការ​លួច​កាត​ឥណទាន​រូបវន្ត អាច​កើតឡើង​តាម​វិធី​ជាច្រើន ដូចជា​ការ​ជ្រុះ​បាត់​កាបូប​ដែល​មាន​កាត​ឥណទាន ជាពិសេស​នៅ​ពេល​ធ្វើ​ដំណើរ។ កាត​ថ្មី​របស់​អ្នក​ក៏​អាច​ត្រូវ​បាន​គេ​លួច​ពី​ប្រអប់​សំបុត្រ​របស់​អ្នក​ផង​ដែរ មុន​ពេល​អ្នក​មាន​ឱកាស​ទៅ​យក​វា​ពី​ប្រអប់​សំបុត្រ។ ប្រសិន​បើ​អ្នក​បាត់​ប័ណ្ណ​ឥណទាន​របស់​អ្នក ឬ​ត្រូវ​បាន​គេ​លួច សូម​ទាក់ទង​អ្នក​ចេញ​ប័ណ្ណ​ភ្លាមៗ ដើម្បី​ផ្លាស់ប្ដូរ​លេខ​កាត និង​បង្កក​កាត​ឥណទាន​នោះ។
  1. ធ្វើ​កូដកម្ម​កាត
    ចោរ​លួច​កាត​ឥណទាន​មួយ​ចំនួន​លួច​ព័ត៌មាន​កាត​ឥណទាន​ដោយ​ដំឡើង​ឧបករណ៍​អាន​កាត (Credit card skimmer)។ ឧបករណ៍​អាន​កាត ត្រូវ​បាន​រក​ឃើញ​ញឹកញាប់​បំផុត​នៅ​កន្លែង​សាធារណៈ ដូចជា​ស្ថានីយ​ប្រេងឥន្ធនៈ​ចាក់​សាំង​ដោយ​ខ្លួនឯង និង​ទីតាំង​បញ្ចរ​បង់ប្រាក់​ដែល​មិន​សូវ​មាន​ការ​ត្រួតពិនិត្យ​ផ្សេង​ទៀត។ ប្រសិនបើ​កាត​របស់​អ្នក​ត្រូវ​បាន​គេ​លួច​អាន​ដោយ​ប្រើ​ឧបករណ៍​អាន​កាត នោះ​អ្នក​នឹង​មិន​អាច​ដឹង​ថា​ព័ត៌មាន​កាត​ឥណទាន​របស់​អ្នក​ត្រូវ​បាន​លួច​ទេ រហូត​ទាល់តែ​អ្នក​ទទួល​បាន​ការ​ជូនដំណឹង​អំពី​ការ​ចំណាយ​ណា​មួយ​ដែល​អ្នក​មិន​បាន​ដឹង។
  1. ការ​បែកធ្លាយ​ទិន្នន័យ
    ធនាគារ​ធំៗ និង​អាជីវកម្ម​មួយ​ចំនួន ជួនកាល​ទទួល​រង​នូវ​ការ​ជ្រៀត​ចូល​លួច​ទិន្នន័យ។ ការ​ជ្រៀត​ចូល​លួច​ទិន្នន័យ​នេះ ជា​ធម្មតា​ធ្វើឡើង​ដោយ​ឧក្រិដ្ឋជន​តាម​អ៊ីនធឺណិត​ដែល​មាន​ជំនាញ បទពិសោធន៍ និង​ការ​រៀបចំ​គម្រោង​បាន​ល្អ។ ស្ថាប័ន​ផ្តល់​សេវាកម្ម​ជាច្រើន​ដែល​មាន​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក ប៉ុន្តែ​ធនាគារ​ប្រហែល​ជា​មាន​ព័ត៌មាន​ច្រើន​បំផុត​អំពី​អ្នក ដែល​ជា​ទី​ចាប់អារម្មណ៍​បំផុត​របស់​ឧក្រិដ្ឋជន​ដែល​មាន​បំណង​ចង់​លួច​ព័ត៌មាន​អត្តសញ្ញាណ​របស់​អ្នក។ ធនាគារ​មិន​ត្រឹម​តែ​រក្សា​ទុក​លេខ​គណនី និង​ឈ្មោះ​ប៉ុណ្ណោះ​ទេ ពួកគេ​ក៏​រក្សា​ទុក​ថ្ងៃ​ខែ​ឆ្នាំ​កំណើត លេខ​សន្តិសុខ​សង្គម លេខ​អត្តសញ្ញាណប័ណ្ណ អាសយដ្ឋាន និង​លេខ​ប័ណ្ណ​ឥណទាន​ផង​ដែរ។ ទោះយ៉ាងណា ធនាគារ​ធំៗ​តែងតែ​បាន​បំពាក់​នូវ​ឧបករណ៍​សុវត្ថិភាព និង​មាន​ក្រុម​អ្នកជំនាញ​ផ្នែក​សន្តិសុខ​ឌីជីថល ដើម្បី​ការពារ​ទិន្នន័យ​ទាំងនោះ​ពី​ក្រុម​ឧក្រិដ្ឋជន​អ៊ីនធឺណិត។
  1. ការ​វាយប្រហារ​ដោយ​បន្លំ​តាម​អ៊ីមែល និង​ការ​ហៅ​ទូរសព្ទ
    ឧក្រិដ្ឋជន​ដែល​វាយប្រហារ​ដោយ​បន្លំ​អាច​ផ្ញើ​អ៊ីមែល​ក្លែងក្លាយ ដែល​មើល​ទៅ​ដូច​អ៊ីមែល​ផ្លូវការ​ពី​ធនាគារ ឬ​ស្ថាប័ន​ផ្តល់​សេវាកម្ម​ផ្សេងៗ​ដែល​អ្នក​ប្រើប្រាស់ ដើម្បី​ស្នើ​ឱ្យ​អ្នក​ចុច​តំណភ្ជាប់ ឬ​ហៅ​ទូរសព្ទ​ទៅ​លេខ​ដែល​គេ​បាន​ប្រាប់ និង​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន ដូចជា​ព័ត៌មាន​សម្ងាត់​គណនី លេខ​សន្តិសុខ​សង្គម​របស់​អ្នក លេខ​កូដ​សម្ងាត់ ឬ​ពួកគេ​អាច​ហៅ​ទូរសព្ទ​មក​អ្នក​ដោយ​បោកប្រាស់​អំពី​គ្រាអាសន្ន​អ្វី​មួយ​ដែល​បញ្ឆោត​ទាមទារ​ឲ្យ​អ្នក​បញ្ជាក់​ភស្តុតាង​នៃ​អត្តសញ្ញាណ​របស់​អ្នក ដូចជា​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត លេខ​កាត​ឥណទាន និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេង​ទៀត។ កុំ​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន ឬ​ព័ត៌មាន​សម្ងាត់​របស់​គណនី​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ហៅ​ទូរសព្ទ ឬ​អ៊ីមែល​ដែល​មិន​បាន​ស្នើសុំ​ត្រឹមត្រូវ។ កុំ​ចុច​បើក​តំណភ្ជាប់​ដែល​មាន​ក្នុង​សារ SMS ឬ​អ៊ីមែល​ដែល​អ្នក​ទទួល​បាន។
  1. បណ្ដាញ Wi-Fi សាធារណៈ
    សូម​ប្រុងប្រយ័ត្ន​បន្ថែម​នៅ​ពេល​ប្រើប្រាស់​បណ្ដាញ Wi-Fi សាធារណៈ។ ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវតែ​ប្រើ​បណ្ដាញ Wi-Fi សាធារណៈ​ដោយ​ខាន​មិន​បាន សូម​ប្រាកដ​ថា​គេហទំព័រ​ដែល​អ្នក​កំពុង​ប្រើប្រាស់​មាន​សុវត្ថិភាព។ ទាំង​កម្មវិធី​រុករក FireFox, Google Chrome និង Microsoft Edge នឹង​បង្ហាញ​រូប​មេសោ​ខាង​ឆ្វេង​ដៃ​នៅ​ក្នុង​របារ​អាសយដ្ឋាន​ខាងលើ ប្រសិនបើ​គេហទំព័រ​នោះ​មាន​ប្រើ​កូដនីយកម្ម (Encryption)។ សម្រាប់​សុវត្ថិភាព​បន្ថែម និង​ការ​ការពារ​មួយ​ចំនួន​ទៀត​សម្រាប់​ប្រឆាំង​នឹង​គេហទំព័រ​ដែល​មិន​មាន​ប្រើ​កូដនីយកម្ម​នោះ អ្នក​អាច​ប្រើ​សេវាកម្ម VPN (បណ្ដាញ​ឯកជននិម្មិត) ដែល​ធ្វើ​កូដនីយកម្ម​លើ​ចរាចរណ៍​អ៊ីនធឺណិត​របស់​អ្នក។ បើ​អាច​ធ្វើ​បាន សូម​កុំ​ប្រើ​បណ្ដាញ​អ៊ីនធឺណិត Wi-Fi សាធារណៈ​ដែល​មិន​មាន​សុវត្ថិភាព​ដើម្បី​បញ្ជា​ទិញ​ទំនិញ​អនឡាញ ពិនិត្យ​គណនី ឬ​ធ្វើ​ការ​ទូទាត់​ផ្សេងៗ​តាម​អនឡាញ​ឱ្យ​សោះ។

ខាងក្រោមនេះ​ជា​រូប​មេសោ​ដែល​បង្ហាញ​ថា គេហទំព័រ​មាន​កូដនីយកម្ម​សុវត្ថិភាព

ចំណាំ៖ អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​ព័ត៌មាន​កាត​ឥណទាន​ត្រូវ​បាន​គេ​លួច

នៅ​ពេល​អ្នក​រក​ឃើញ​ថា​មាន​ការ​ទូទាត់​ប្រាក់​ដោយ​អ្នក​មិន​បាន​ដឹង​ខ្លួន សូម​ទូរសព្ទ​ទៅ​កាន់​អ្នក​ចេញ​ប័ណ្ណ​ឥណទាន​របស់​អ្នក​ជាបន្ទាន់ ដើម្បី​រាយការណ៍​អំពី​ករណី​នេះ។

ប្រសិនបើ​ព័ត៌មាន​កាត​ឥណទាន​របស់​អ្នក​ត្រូវ​បាន​លួច នោះ​អត្តសញ្ញាណ​របស់​អ្នក​ក៏​ប្រហែលជា​ត្រូវ​បាន​គេ​លួច​ផង​ដែរ ដូច្នេះ​សូម​បង្កក​កាត​ឥណទាន​របស់​អ្នក​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន រហូត​ដល់​អ្នក​ប្រាកដ​ថា​អត្តសញ្ញាណ​របស់​អ្នក​មាន​សុវត្ថិភាព​ទាំងស្រុង​ឡើងវិញ៕