របៀប​ប្រើ Find My Device ដើម្បី​កំណត់​ទីតាំង និង​លុប​ទិន្នន័យ​ក្នុង​ឧបករណ៍​ដែល​បាត់​ពី​ចម្ងាយ

មុខងារ Find My Device របស់ Google គឺ​ជា​ឧបករណ៍​ដែល​មាន​ប្រយោជន៍​មិន​គួរ​ឱ្យ​ជឿ ដែល​អាច​ជួយ​អ្នក​កំណត់​ទីតាំង​ទូរសព្ទ ថេប្លេត ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​អ្នក​ភ្លេច ឬ​ត្រូវ​បាន​គេ​លួច។

ជាមួយ​មុខងារ​នេះ អ្នក​អាច​បន្លឺ​សំឡេង​រោទ៍ ចាក់​សោ និង​លុប​ទិន្នន័យ​ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេងៗ​ដែល​មាន​ក្នុង​ឧបករណ៍​របស់​អ្នក​ពី​ចម្ងាយ​បាន។

យើង​នឹង​ណែនាំ​អ្នក​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​អំពី​របៀប​ប្រើ Find My Device ដើម្បី​តាមដាន និង​ស្វែងរក​ឧបករណ៍​របស់​អ្នក​នៅ​លើ​ផែនទី។

ដើម្បី​ប្រើប្រាស់​មុខងារ Find My Device បាន គឺ​តម្រូវ​ឱ្យ៖

  1. ឧបករណ៍​ទាំងនោះ​ត្រូវតែ​បើក និង​ភ្ជាប់​អ៊ីនធឺណិត។
  2. ឧបករណ៍​ទាំងនោះ​ត្រូវតែ​បាន​ភ្ជាប់​ទៅ​ក្នុង​គណនី Google របស់​អ្នក។
  3. មុខងារ​កំណត់​ទីតាំង​របស់​ឧបករណ៍​ទាំងនោះ​ត្រូវតែ​បើក។
  4. បើក​មុខងារ Find My Device លើ​ឧបករណ៍​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android។

របៀប​ប្រើ Find My Device៖

  1. បើក​កម្មវិធី​រុករក​តាម​អ៊ីនធឺណិត ហើយ​ចូល​ទៅ​កាន់​គេហទំព័រ Find My Device (https://www.google.com/android/find) ចូល​ទៅ​កាន់​គេហទំព័រ Find My Device ដោយ​ប្រើ​គណនី Google ដូច​គ្នា និង​គណនី​ដែល​អ្នក​ប្រើ​ក្នុង​ឧបករណ៍​ដែល​បាត់។
  2. បន្ទាប់ពី​ចូល​ទៅ​កាន់​គណនី Google របស់​អ្នក​ហើយ វា​នឹង​បង្ហាញ​ផែនទី​ដែល​បង្ហាញ​ពី​ទីតាំង​ជាក់លាក់​របស់​ឧបករណ៍​អ្នក (បើ​នៅ​ភ្ជាប់​អ៊ីនធឺណិត ឬ​មាន​ថ្ម)។ បើ​មិន​ដូច្នោះ​ទេ វា​នឹង​បង្ហាញ​ទីតាំង​ចុងក្រោយ​បំផុត​របស់​ឧបករណ៍​នោះ។
  3. ដើម្បី​ស្វែងរក​ឧបករណ៍​របស់​អ្នក សូម​ចុច​ជម្រើស PLAY SOUND។ វា​នឹង​ធ្វើ​ឱ្យ​ឧបករណ៍​របស់​អ្នក​បន្លឺ​សំឡេង​ក្នុង​កម្រិត​អតិបរមា​រយៈពេល​ប្រាំ​នាទី បើ​ទោះបីជា​វា​បិទ​សំឡេង (Mute) ក៏ដោយ។
  4. ការពារ​ឧបករណ៍​របស់​អ្នក​ដោយ​ចុច​ប៊ូតុង SECURE DEVICE។ អ្នក​នឹង​ត្រូវ​បាន​សួរ​ឱ្យ​បញ្ចូល​ពាក្យ​សម្ងាត់​ថ្មី ហើយ​វា​នឹង​ចាក់​សោ​ឧបករណ៍​របស់​អ្នក ក៏ដូចជា​បង្ហាញ​លេខ​ទំនាក់ទំនង​របស់​អ្នក​នៅ​លើ​អេក្រង់​ដែល​បាន​ចាក់​សោ​នោះ។
  5. ដើម្បី​លុប​ទិន្នន័យ​ដែល​មាន​ក្នុង​ឧបករណ៍​របស់​អ្នក​ទាំងអស់​ចោល សូម​ចុច​ប៊ូតុង ERASE DEVICE។ អ្នក​នឹង​ត្រូវ​បាន​សួរ​ឱ្យ​បញ្ជាក់​ការ​សម្រេច​ចិត្ត​ម្តង​ទៀត​លើ​សកម្មភាព​នេះ ព្រោះ​ថា​ការ​លុប​ទិន្នន័យ​របស់​អ្នក​ទាំងអស់ គឺ​មិន​អាច​ត្រឡប់​វិញ​បាន​ទេ៕