កាលពីអត្ថបទមុន យើងបានរៀបរាប់ពីអ្វីទៅជាដានជើងឌីជីថល ហើយនិងប្រភេទនៃដានជើងឌីជីថល។ ប្រសិនបើអ្នកមិនទាន់បានអានអំពីវាទេ សូមចុច តំណភ្ជាប់ នេះដើម្បីអាន។
ខាងក្រោមនេះជាហានិភ័យខ្លះៗនៃការបន្សល់ទុកដានជើងឌីជីថលរបស់អ្នក៖
- ចោរលួចអត្តសញ្ញាណ នៅពេលដែលអ្នកបន្សល់នូវព័ត៌មានផ្ទាល់ខ្លួនច្រើនគ្រប់គ្រាន់ នោះនឹងផ្តល់ភាពងាយស្រួលដល់ជនខិលខូចដើម្បីបន្លំធ្វើជាអ្នក។
- ប្រឈមនឹងការវាយប្រហារដោយបន្លំ ក៏ដូចជាការបោកប្រាស់នានា។ ជនខិលខូចនឹងយកព័ត៌មានអំពីអ្នក ដើម្បីដាក់អន្ទាក់បោកបញ្ឆោតទាញយកផលប្រយោជន៍ណាមួយ។
- ការផ្សព្វផ្សាយពាណិជ្ជកម្មពីកម្មវិធី ឬក្រុមហ៊ុនដែលអ្នកប្រើប្រាស់។ ពួកគេតែងតែមានសិទ្ធិប្រមូលទិន្នន័យរបស់អ្នកសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម។
- បាត់បង់ឯកជនភាព ដោយអ្នកអាចប្រឈមនឹងការតាមដានពីនរណាម្នាក់ដោយមិនដឹងខ្លួនបើអ្នកតែងតែបន្សល់នូវដានជើងព័ត៌មានរបស់អ្នកគ្រប់ទីកន្លែង។
- មានបញ្ហាការងារ ព្រោះអនាគតនិយោជករបស់អ្នកនឹងឈ្វេងយល់ពីអ្នកនៅលើអ៊ីនធឺណិត ហើយអាចនឹងរកឃើញការបង្ហោះចាស់ៗរបស់អ្នកដែលមានភាពឈ្លើយ ឬមិនសមរម្យ ដែលអាចធ្វើឱ្យអ្នកបាត់បង់ឱកាសការងារ។
វិធីកាត់បន្ថយដានជើងឌីជីថលរបស់អ្នក៖
- បែងចែកគណនីផ្ទាល់ខ្លួនពីគណនីការងារ
- លុបគណនីចាស់
- ឈ្វេងយល់អំពីការកំណត់ឯកជនភាពនៅលើគណនីផ្សព្វផ្សាយសង្គមរបស់អ្នក
- ឈប់អនុញ្ញាតឱ្យវេបសាយលក់ទិន្នន័យរបស់អ្នក
- ប្រើព័ត៌មានសម្គាល់ខ្លួន (credential) បណ្ណោះអាសន្ន ដើម្បីបង្កើតគណនីប្រើជាមួយវេបសាយ ឬកម្មវិធីនានា
- ជៀសវាងការប្រើអាសយដ្ឋានអ៊ីមែលផ្លូវការរបស់អ្នកនៅពេលបង្កើតគណនីជាមួយគេហទំព័រ និងកម្មវិធីអនឡាញនានា។
ក្នុងសម័យបច្ចេកវិទ្យា គឺយើងពិតជាមិនអាចជៀសវាងការប្រើប្រាស់មុខងារទាំងនោះបានទេ ហើយអ្នកក៏មិនចាំបាច់ត្រូវបោះបង់ចោលបច្ចេកវិទ្យាទាំងនោះ ហើយទៅរស់នៅក្នុងព្រៃដូចតាហ្សង់នោះទេ ដើម្បីរក្សាឯកជនភាពរបស់អ្នក គឺគ្រាន់តែអនុវត្តវិធានអនាម័យអ៊ីនធឺណិតទៅបានហើយ៕