ព័ត៌មាន​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ហានិភ័យ​លើ​ប្រព័ន្ធ​ឌីជីថល!

បច្ចុប្បន្ន បច្ចេកវិទ្យា​មាន​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស។ ទន្ទឹម​នឹង​ការ​រីកចម្រើន​នេះ ក៏​មាន​ហានិភ័យ​នៃ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ផង​ដែរ ដូចជា​ការ​លួច​បន្លំ។-ល-។ ដូច្នេះ​អ្នក​គួរ​បង្កើត​ទម្លាប់​គិត​មុន​ពេល​អ្នក​បង្ហោះ​អ្វី​មួយ​នៅ​លើ​អ៊ីនធឺណិត ឬ​ចែករំលែក​ព័ត៌មាន​នៅ​ក្នុង​អ៊ីមែល។

អ្វី​ដែល​អ្នក​បង្ហោះ​លើ​អ៊ីនធឺណិត អាច​ត្រូវ​មនុស្ស​គ្រប់​គ្នា​មើល​ឃើញ​ដោយ​អ្នក​មិន​ដឹង​ខ្លួន។ ការ​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាមួយ​អ្នក​ដទៃ​ដែល​អ្នក​មិន​ស្គាល់​ដោយ​ផ្ទាល់ គឺ​ជា​ហានិភ័យ​ធំ​បំផុត​មួយ​របស់​អ្នក​នៅ​លើ​អ៊ីនធឺណិត។

រក្សា​ភាព​សាមញ្ញ​របស់​អ្នក​ជា​រឿង​ល្អ​បំផុត ហើយ​ព័ត៌មាន​ដែល​អ្នក​គួរ​ទុក​ជា​ការណ៍​សម្ងាត់​រួម​មាន៖

  1. អត្តសញ្ញាណ​ផ្ទាល់ខ្លួន៖ ទិន្នន័យ​នេះ​រួម​មាន​ឈ្មោះ​របស់​អ្នក អាយុ លេខ​ទូរសព្ទ អាសយដ្ឋាន ឈ្មោះ​គណនី​អ៊ីមែល ជាដើម។ វា​ក៏​រួម​បញ្ចូល​ព័ត៌មាន​ដែល​អាច​បញ្ជាក់​ពី​ទីតាំង​របស់​អ្នក ឬ​ទិន្នន័យ​ផ្ទាល់ខ្លួន​ណា​មួយ​ដែល​អាច​ជា​តម្រុយ​សម្រាប់​ឧក្រិដ្ឋជន​អាច​ចូល​ទៅ​លួច​បាន។
  2. ទិន្នន័យ​ហិរញ្ញវត្ថុ ឬ​ការ​ទូទាត់​ផ្ទាល់ខ្លួន៖ ប្រសិនបើ​វា​ទាក់ទង​នឹង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ វា​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ទិន្នន័យ​ទូទាត់​ផ្ទាល់ខ្លួន​ចាំបាច់​មួយ​ដែល​មិន​គួរ​ធ្វេសប្រហែស​ឡើយ។ ព័ត៌មាន​នេះ​រួម​មាន លេខ​កាត​ឥណទាន និង​ឥណពន្ធ (រួម​ទាំង​កាលបរិច្ឆេទ​ផុត​កំណត់) លេខ​ធនាគារ​តាម​អ៊ីនធឺណិត និង​លេខ​កូដ PIN ជាដើម។ ឧក្រិដ្ឋជន​ដែល​អាច​ទទួល​បាន​ព័ត៌មាន​ធនាគារ​តាម​អ៊ីនធឺណិត​របស់​អ្នក អាច​សូម្បីតែ​ផ្ទេរ​ប្រាក់​ចេញពី​គណនី ឬ​ទិញ​ទំនិញ​អនឡាញ​នានា។
  3. ទិន្នន័យ​សុខភាព​ផ្ទាល់ខ្លួន៖ ព័ត៌មាន​សុខភាព​ផ្ទាល់ខ្លួន​សំដៅ​ទៅ​លើ​ព័ត៌មាន​អំពី​សុខភាព​របស់​អ្នក រួម​ទាំង​ប្រវត្តិ​វេជ្ជសាស្ត្រ ថ្នាំ​តាម​វេជ្ជបញ្ជា ការ​ជាវ​ធានារ៉ាប់រង​សុខភាព និង​ការ​ទៅ​ជួប​គ្រូពេទ្យ និង​ការ​ចេញចូល​មន្ទីរពេទ្យ។ ព័ត៌មាន​នេះ​មាន​តម្លៃ​ចំពោះ​ឧក្រិដ្ឋជន​អ៊ីនធឺណិត​ដែល​មាន​ការ​កើនឡើង​ខ្ពស់ ព្រោះ​ពួកគេ​អាច​ប្រើ​ព័ត៌មាន​សុខភាព​របស់​អ្នក ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​ប្រាក់​ធានារ៉ាប់រង​ក្លែងក្លាយ ឬ​បញ្ជា​ទិញ និង​លក់​ថ្នាំ​តាម​វេជ្ជបញ្ជា។
  4. ព័ត៌មាន​អំពី​កន្លែង​ការងារ៖ អ្នក​ប្រហែល​ជា​ចង់​ប្រាប់ ឬ​អួត​គេ​អំពី​ការងារ​ថ្មី​របស់​អ្នក​ខ្លាំង​មែនទែន ប៉ុន្តែ​ប្រសិនបើ​វា​ជា​ព័ត៌មាន​ដែល​អាច​មាន​ប្រយោជន៍​ដល់​ដៃគូ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​អ្នក​នោះ អ្នក​មិន​គួរ​ចែករំលែក​នោះ​ទេ។ ព័ត៌មាន​អំពី​ការ​ពង្រីក​គម្រោង​ដែល​មាន​ការ​ព្រាងទុក ឬ​តួនាទី​គម្រោង​ធំ និង​អ្វី​ផ្សេង​ទៀត​អំពី​កន្លែង​ធ្វើការ​របស់​អ្នក គួរ​តែ​ត្រូវ​បាន​រក្សាទុក​ជា​ឯកជន។

Sophos ដែល​ជា​ក្រុមហ៊ុន​សុសវែរ​សុវត្ថិភាព​បាន​រក​ឃើញ​ថា ៦៣% នៃ​ក្រុមហ៊ុន​មាន​ការ​ភ័យខ្លាច​ចំពោះ​អ្វី​ដែល​បុគ្គលិក​របស់​ពួកគេ​ជ្រើសរើស ដើម្បី​ចែករំលែក​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម។ ប្រសិនបើ​អ្នក​ចង់​ផ្ញើ​សារ​ចេញ សូម​ជ្រើសរើស និង​ផ្ញើ​អ៊ីមែល​ឯកជន។

ក្រុមហ៊ុន​ជាច្រើន​មាន​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​មិន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​ពួកគេ​ហាមឃាត់​បុគ្គលិក​មិន​ឱ្យ​ប្រើប្រាស់​គេហទំព័រ ដូចជា Facebook នៅ​កន្លែង​ធ្វើការ ជាដើម៕