គ្រោះថ្នាក់​នៃ​ការ​ចែករំលែក​ទីតាំង​របស់​អ្នក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​មនុស្ស​គ្រប់​វ័យ ជាពិសេស​គឺ​ក្មេង និង​យុវវ័យ។ ខណៈ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​អ្នក​ប្រើប្រាស់ វា​ក៏​មាន​គ្រោះថ្នាក់​ផង​ដែរ។

ឧទាហរណ៍ គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​ចំនួន ដូចជា Facebook, Twitter, Instagram ជាដើម នឹង​ចែករំលែក​ទីតាំង​របស់​អ្នក​ដោយ​អ្នក​មិន​ដឹង​ខ្លួន។ នេះ​អាច​ជា​បញ្ហា​សម្រាប់​ឯកជនភាព​របស់​អ្នក ក៏ដូចជា​សុវត្ថិភាព​របស់​អ្នក​ផង​ដែរ។

តើ​គ្រោះថ្នាក់​អ្វី​ខ្លះ​ដែល​អាច​កើតឡើង​ពី​ការ​ចែករំលែក​ទីតាំង​របស់​អ្នក​នៅ​លើ​អ៊ីនធឺណិត? ហើយ​តើ​អ្នក​អាច​ការពារ​ការ​ចែករំលែក​ព័ត៌មាន​លើសលប់​អំពី​អ្នក​បាន​ដោយ​របៀប​ណា?

១. តាមរយៈ​ការ​បង្ហោះ​រូបភាព​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​ក្នុង​រយៈពេល​យូរ ពោល​គឺ​វិស្សមកាល ឬ​ទៅ​ធ្វើការ ឬ​ទៅ​សិក្សា គឺ​អ្នក​កំពុង​ធ្វើ​ឱ្យ​ខ្លួន​អ្នក​ក្លាយ​ជា​គោលដៅ​សម្រាប់​ចោរ ឬ​អ្នក​ដែល​ចង់​លួច​ចូល​ផ្ទះ​របស់​អ្នក។ ប្រសិនបើ​គណនី​របស់​អ្នក​មិន​មែន​បើក​មុខងារ​ឯកជន (Private/Locked Profile) នោះ​ទេ មាន​ន័យ​ថា​អ្នក​ណា​ក៏​អាច​មើល​ឃើញ​រូបភាព ឬ​ព័ត៌មាន​អំពី​អវត្តមាន​របស់​អ្នក​នៅ​ផ្ទះ​ដែរ។

*** ដើម្បី​កាត់បន្ថយ​ហានិភ័យ​នេះ គួរ​រង់ចាំ​រហូត​ដល់​អ្នក​មក​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព ទើប​បង្ហោះ​រូបភាព​នៃ​ពេលវេលា​របស់​អ្នក​ពេល​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ។

២. ស្រដៀង​គ្នា​នេះ​ដែរ អ្នក​មិន​គួរ​បង្ហោះ​ព័ត៌មាន​ថ្មីៗ ឬ​រូបថត​បង្ហាញ​ពី​លំនៅឋាន​ពិតប្រាកដ ឬ​ព័ត៌មាន​ដែល​អាច​ជួយ​ដល់​ការ​កំណត់​អត្តសញ្ញាណ​ណា​មួយ​ឡើយ​របស់​ទីតាំង​ដែល​អ្នក​ស្នាក់នៅ​នោះ​ទេ។ ព័ត៌មាន​ទាំងនេះ អាច​ត្រូវ​បាន​ឃើញ​ដោយ​មនុស្ស​ដែល​មាន​បំណង​មិន​ល្អ​មក​លើ​អ្នក​ផង​ដែរ ហើយ​លាតត្រដាង​ទាំងស្រុង​នូវ​ភាព​ឯកជន​របស់​អ្នក ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ស្ថិត​ក្នុង​គ្រោះថ្នាក់​ណា​មួយ។

*** សូម​ប្រាកដ​ថា រូបភាព​ដែល​អ្នក​ថត មិន​មាន​ជាប់ ឬ​ផ្ទុក​នូវ​ព័ត៌មាន​កាត​ឥណទាន ប័ណ្ណ​បើកបរ ឬ​អាសយដ្ឋាន​ដែល​អ្នក​រស់នៅ​ឡើយ។

៣. ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​បច្ចុប្បន្នភាព​ទីតាំង​ដែល​អ្នក​ស្នាក់នៅ ស្ថានភាព​ឯកជនភាព​របស់​អ្នក ឬ Check-in ទីតាំង​ដែល​អ្នក​ទៅ​ញឹកញាប់​ពេក នៅ​លើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ តាមរយៈ​ការ​បង្ហាញ​រាល់​សកម្មភាព​របស់​អ្នក វា​អាច​ធ្វើ​ឱ្យ​ងាយស្រួល​សម្រាប់​អ្នក​ផ្សេង​ក្នុង​ការ​តាមដាន​ទម្លាប់ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក។ ការ​ធ្វើ​បច្ចុប្បន្នភាព​ញឹកញាប់ អាច​ធ្វើ​ឱ្យ​ពួកគេ​ដឹង​ពី​អ្នក​កាន់តែ​ច្បាស់ ដឹង​ពី​ពេលវេលា​ជាក់លាក់​នៃ​ទីតាំង​នីមួយៗ​ដែល​អ្នក​កំពុង​នៅ ក៏ដូចជា​ទម្លាប់​របស់​អ្នក ថា​តើ​ចូលចិត្ត​នៅ​ម្នាក់​ឯង ឬ​គ្នា​ច្រើន ជាដើម។

*** កុំ​បង្ហោះ​ថា​អ្នក​នៅ​ផ្ទះ​តែ​ម្នាក់​ឯង។ កុំ​បង្ហោះ​ក្នុង​ពេល​ដដែលៗ​រៀងរាល់​ថ្ងៃ ដែល​មាន​ភ្ជាប់​ទីតាំង​របស់​អ្នក។ អ្នក​គួរ​ជៀសវាង​យ៉ាង​ណា​កុំ​ឱ្យ​អ្នក​ដទៃ​ដឹង​ទម្លាប់​របស់​អ្នក ថា​អ្នក​ចូលចិត្ត​ទៅ​កន្លែង​ណា? ពេល​ណា? ជាមួយ​អ្នក​ណា? ព័ត៌មាន​ទាំងនេះ​អាច​បង្ក​ហានិភ័យ​ដល់​អ្នក​បាន!