ដានជើង​ឌីជីថល​ជា​អ្វី (Digital Footprints)?

បច្ចេកវិទ្យា​កាន់តែ​ទំនើប ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏​កាន់តែ​សម្បូរ​បែប ដូច្នេះ​យើង​ក៏​គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​កាន់តែ​ខ្លាំង​ផង​ដេរ។ វិធី​មួយ​ក្នុង​ចំណោម​វិធី​ជាច្រើន​ទៀត​ដែល​ជន​អនាមិក​ប្រើប្រាស់​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ណា​មួយ​ពី​សកម្មភាព​របស់​យើង​នៅ​លើ​អ៊ីនធឺណិត គឺ​ការ​ប្រើប្រាស់​ដានជើង​ឌីជីថល​របស់​យើង​បង្កើត​ការ​ធ្វើ​ត្រាប់​តាម។

ដានជើង​ឌីជីថល គឺ​សំដៅ​លើ​ទិន្នន័យ និង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​មាន​នៅ​លើ​អ៊ីនធឺណិត ដូចជា​ការ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​សារ​អេឡិចត្រូនិក​នានា​ដែល​មាន​ឈ្មោះ​របស់​អ្នក។

ដានជើង​ឌីជីថល គឺ​ត្រូវ​បាន​បែងចែក​ជា​ពីរ គឺ​ដានជើង​ឌីជីថល​សកម្ម (ACTIVE) និង​ដានជើង​ឌីជីថល​អកម្ម (PASSIVE)៖

1. ដានជើង​ឌីជីថល​សកម្ម (ACTIVE digital footprint)

ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ខ្លួន​អ្នក​ផ្ទាល់​នៅ​ពេល​ដែល​អ្នក​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​តាមរយៈ​ការ​ចូល​វេបសាយ ឬ​ចែករំលែក​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា។ សកម្មភាព​ទាំងនោះ​រួម​មាន៖

  • ពេល​អ្នក​ប្រើប្រាស់​អ៊ីមែល ព្រោះ​វា​មាន​ផ្ទុក​ព័ត៌មាន​របស់​អ្នក ទំនាក់ទំនង​របស់​អ្នក និង​សារ​អេឡិចត្រូនិក​ដែល​អ្នក​ផ្ញើ និង​ទទួល។
  • ការ​ទាញ​យក (Download) កម្មវិធី ឯកសារ ចម្រៀង វីដេអូ ឬ​រូបថត គឺ​សុទ្ធតែ​បន្សល់​ទុក​នូវ​ដានជើង​សកម្ម​ដែល​អ្នក​ផ្សេង​តាមដាន​អ្នក​បាន។
  • ដានជើង​ក្នុង​ម៉ាស៊ីន​រុករក (Search engine) ពេល​អ្នក​ស្វែងរក​ព័ត៌មាន​អ្វី​មួយ​នៅ​តាម​វេបសាយ គឺ​វា​នឹង​រក្សា​ទុក​ព័ត៌មាន​ទាំងអស់។
  • រូបថត និង​វីដេអូ​ដែល​អ្នក​បង្ហោះ​នៅ​លើ​អ៊ីនធឺណិត នឹង​បង្កើត​នូវ​ដានជើង​ឌីជីថល​របស់​អ្នក ហើយ​ព័ត៌មាន​ពី​អ្នក ដូចជា​ពេលវេលា​បង្ហោះ ទីកន្លែង​ដែល​ថត នឹង​ត្រូវ​រក្សា​ទុក​ក្នុង​ទិន្នន័យ​មេ (Metadata)។
  • ពេល​ដែល​អ្នក​ទិញ​ទំនិញ​នៅ​លើ​អនឡាញ ព័ត៌មាន​អំពី​ទំនិញ​ដែល​បាន​ទិញ កន្លែង​ដែល​លក់​ទំនិញ​នោះ ពេលវេលា​នៃ​ការ​ទិញ តម្លៃ​របស់​ទំនិញ​ទាំងនោះ ក៏ដូចជា​ទិន្នន័យ​របស់​កាត​ឥណទាន/ឥណពន្ធ​របស់​អ្នក នឹង​ត្រូវ​បាន​រក្សា​ទុក។
  • សកម្មភាព​របស់​អ្នក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដូចជា​ការ​បញ្ចេញមតិ​របស់​អ្នក​លើ​ការ​បង្ហោះ​របស់​អ្នកដទៃ ឬ​ចុច​តាមដាន​ទំព័រ​អ្នក​ណា​មួយ នឹង​បង្កើត​ដានជើង​ឌីជីថល ដែល​អ្នក​ប្រើប្រាស់​ដើម្បី​ឈ្វេងយល់​ពី​អ្នក​បាន។

2. ដានជើង​ឌីជីថល​អកម្ម (PASSIVE digital footprint)

ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ដោយ​ប្រយោល ដោយ​មិន​បាន​ដឹង​ខ្លួន ឬ​បាន​អនុញ្ញាត​តាមរយៈ​ការ​ប្រមូល​យក​ទិន្នន័យ​ផ្ទាល់ខ្លួន​អ្នក ដូចជា​តាមដាន​អាសយដ្ឋាន​អាយភី (IP) ដោយ​រក្សាទុក​ទិន្នន័យ​ជា​ទម្រង់​ខុកខី (Cookie) និង​តាម​កម្មវិធី​កំណត់​អត្តសញ្ញាណ​ឌីជីថល​នានា។ សកម្មភាព​ទាំងនោះ​រួម​មាន៖

  • ទិន្នន័យ​ទីតាំង ដូចជា​ឧបករណ៍​ដែល​ប្រើ GPS ដូចជា​ស្មាតហ្វូន និង​ថេប្លេត គឺ​ធ្វើការ​ប្រមូល​ទិន្នន័យ​ទីតាំង​នៅ​ពេល​ដែល​អ្នក​ភ្ជាប់​ជាមួយ​អ៊ីនធឺណិត ដោយ​ទិន្នន័យ​ទាំងនោះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​តាមដាន​ទីតាំង​ដែល​អ្នក​ទៅ និង​សកម្មភាព​ផ្សេងៗ​ដែល​អ្នក​ធ្វើ ទោះបីជា​ឧបករណ៍​ទាំងនោះ​មិន​ត្រូវ​បាន​ប្រើ​ក៏ដោយ។
  • ទិន្នន័យ​ទម្រង់​វិភាគ​ស្ថិតិ​ស្វ័យប្រវត្តិ Biomatric មាន​ដូចជា​ស្នាម​មេដៃ មុខ អាច​សម្គាល់​ភិនភាគ និង​ការ​ស្គែន​កែវភ្នែក អាច​ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​អ្នក។ ទិន្នន័យ​ទាំងនេះ​ក៏​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ជាច្រើន រួម​ទាំង​ការ​ស្រាវជ្រាវ​ទីផ្សារ​ផលិតផល និង​សុវត្ថិភាព​ផង​ដែរ។
  • ទិន្នន័យ​ដែល​ប្រមូល​តាម​ខុកខី (Cookies) ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​ទម្លាប់​នៃ​ការ​រុករក​របស់​អ្នក ដូចជា​វេបសាយ​ដែល​អ្នក​ចូល​មើល និង​ទំនិញ​ដែល​អ្នក​ទិញ។
  • អាសយដ្ឋាន​អាយភី (IP) របស់​អ្នក នឹង​ត្រូវ​ទាញ​យក​មក​រក្សាទុក​ពេល​អ្នក​ចូល​ប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​តាមដាន​សកម្មភាព​របស់​អ្នក​នៅ​លើ​អនឡាញ៕