មេរោគ Daam លើ Android លួច​ថត​ការ​ហៅ​ទូរសព្ទ​និង​គ្រប់គ្រង​ទូរសព្ទ​របស់​អ្នក

ការ​គំរាមកំហែង​ពី​មេរោគ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ថ្មីៗ​នេះ​ហាក់ដូចជា​លេច​ចេញ​ជា​រៀងរាល់​សប្តាហ៍ ឬ​ជា​ញឹកញាប់​ជាង​នេះ​ទៀត ហើយ​មេរោគ​មួយ​ចំនួន​គឺ​ពិត​ជា​គួរ​ឱ្យ​ខ្លាច និង​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង។

គ្រោះ​មហន្តរាយ​ចុងក្រោយ​បំផុត​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ​របស់ Google ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​មួយ​ដោយ​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត CloudSEK ហើយ​វា​បង្ហាញ​ឱ្យ​ឃើញ​ថា គួរ​ឱ្យ​ព្រឺព្រួច​ដូច​រឿង​ភាពយន្ត​ភ័យ​រន្ធត់​ដូច្នេះ​ដែរ ព្រោះ​វា​ជា​ប្រភេទ​មេរោគ​ដែល​ធន់​នឹង​កម្មវិធី​កម្ចាត់​មេរោគ។ វា​អាច​លួច​កត់ត្រា​ការ​ហៅ​ទូរសព្ទ​របស់​អ្នក លួច​ទិន្នន័យ​នៅ​លើ​ទូរសព្ទ​របស់​អ្នក មុន​ពេល​ទិន្នន័យ​ទាំងនោះ​ត្រូវ​បាន​ធ្វើ​កូដនីយកម្ម ហើយ​ចុងក្រោយ​វា​ក៏​អាច​ចាក់​សោ​ទូរសព្ទ​របស់​អ្នក​ដោយ​អ្នក​មិន​ដឹង​ខ្លួន​ផង​ដែរ។

តើ​មេរោគ Daam នៅ​លើ​ប្រព័ន្ធ Android ដំណើរការ​យ៉ាង​ដូចម្តេច?

ហេតុផល​ដែល​ថា Daam មាន​គ្រោះថ្នាក់​ខ្លាំង ហើយ​គួរ​ឱ្យ​ខ្លាច​ដូច​រឿង​ខ្មោច​នោះ គឺ​ថា​វា​ដូចជា​បិសាច​ជញ្ជក់​ឈាម​អ៊ីចឹង ព្រោះ​មេរោគ​ប្រភេទ​នេះ​ត្រូវការ​ឱ្យ​គេ​អញ្ជើញ​វា​ចូល​សិន រួច​ហើយ​បន្ទាប់​មក​វា​នឹង​ស្រូប​ជញ្ជក់​យក​អ្វី​ដែល​វា​ត្រូវការ។ វិធី​ដែល​វា​ប្រើ​ដើម្បី​លួច​ចូល​ទៅ​ក្នុង​ទូរសព្ទ​របស់​អ្នក គឺ​ដោយ​ធ្វើការ​ភ្ជាប់​ខ្លួន​វា​ជាមួយ​នឹង​កម្មវិធី App ផ្សេងៗ ហើយ​កម្មវិធី​ទាំងនោះ​គឺជា​ប្រភេទ​កម្មវិធី​ដែល​អ្នក​បាន​ទាញ​យក​ពី​ប្រភព​ផ្សេង​មួយ​ក្រៅពី Google Play Store។

ពេល​ខ្លះ កម្មវិធី​កម្ចាត់​មេរោគ​អាច​ធ្វើការ​កាក់​ចាប់​មេរោគ​ដែល​លួច​បន្លំ​ចូល​មក​កាន់​ទូរសព្ទ​របស់​អ្នក​តាម​វិធី​ភ្ជាប់​ខ្លួន​វា​ជាមួយ​នឹង​កម្មវិធី Appផ្សេងៗ ប៉ុន្តែ​ជា​អកុសល វា​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​ជាមួយ​មេរោគ Daam ហើយ​នៅ​ពេល​អ្នក​បាន​ដំឡើង​កម្មវិធី​ដែល​មាន​ផ្ទុក​មេរោគ Daam នោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ស្គាល់​ថា​ពាក្យ “មហន្តរាយ” មាន​ន័យ​យ៉ាង​ដូចម្តេច​ចំពោះ​ទូរសព្ទ​របស់​អ្នក។

ខាងក្រោម​នេះ​ជា​ការ​សង្ខេប​អំពី​សមត្ថភាព​របស់​មេរោគ Daam

  • លួច​កត់ត្រា​រាល់​ការ​ហៅ​ចូល ឬ​ចេញ សូម្បីតែ​ពី​កម្មវិធី​ភាគី​ទី​៣ ដូចជា WhatsApp ក៏ដោយ។
  • លួច​ឯកសារ​របស់​អ្នក រួម​ទាំង​រូបភាព ឬ​វីដេអូ និង​បញ្ជី​ទំនាក់ទំនង​ផង​ដែរ។
  • លួច​ធ្វើ​កូដនីយកម្ម​លើ​ឯកសារ​របស់​អ្នក ដើម្បី​ឱ្យ​អ្នក​មិន​អាច​ចូល​ប្រើ​វា​បាន​ទៀត។
  • លួច​ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់ ឬ​លេខ​សម្ងាត់​ឧបករណ៍​របស់​អ្នក ដើម្បី​ចាក់​សោ​អ្នក​ចេញ​ពី​ទូរសព្ទ​របស់​អ្នក។

វា​ប្រៀប​បាន​នឹង​ឃាតករ​សម្រាប់​ឧបករណ៍​របស់​អ្នក​ដូច្នេះ សូម​មាន​ការ​ប្រុស​ប្រយ័ត្ន​ដើម្បី​ជៀសវាង​ពី​ការ​ធ្លាក់​ខ្លួន​ជា​ជនរងគ្រោះ។

សូម​ប្រុងប្រយ័ត្ន និង​ពិនិត្យ​មើល​កម្មវិធី​ដែល​មាន​បង្កប់​មេរោគ Daam ដូច​ខាងក្រោម៖

អ្នក​ស្រាវជ្រាវ​បាន​តាមដាន ហើយ​កំណត់​បាន​ថា កម្មវិធី Psiphon, Boulders និង Currency Pro មាន​ការ​ភ្ជាប់​មក​ជាមួយ​មេរោគ Daam រួច​ហើយ។ កម្មវិធី​ទាំងនោះ​គឺជា​កម្មវិធី VPN កម្មវិធី​ហ្គេម​ទូរសព្ទ ក៏ដូចជា​កម្មវិធី​បម្លែង​រូបិយប័ណ្ណ​ផង​ដែរ។ ដូច្នេះ មិន​មាន​រូបរាង ឬ​ការ​រចនាបថ​ជាក់លាក់​ណា​មួយ​របស់​កម្មវិធី​ទូរសព្ទ ដែល​ងាយស្រួល​ឱ្យ​យើង​អាច​ធ្វើការ​កំណត់​សម្គាល់​ថា​វា​មាន​ផ្ទុក​មេរោគ Daam នោះ​ទេ។

សម្រាប់​ពេល​នេះ វិធាន​សុវត្ថិភាព​ដ៏​ល្អ​បំផុត​ដើម្បី​ជៀសវាង​មេរោគ​ប្រភេទ​នេះ គឺ​ត្រូវ​ធ្វើការ​ទាញ​យក​កម្មវិធី​ទូរសព្ទ​ពី Google Play Store តែ​មួយ​គត់។ ខណៈ​ពេល​ដែល​យើង​រក​ឃើញ​ថា មេរោគ​Daam ក៏​ព្យាយាម​លួច​ចូល​ទៅ​ក្នុង Google Play Store ដែរ​នោះ យើង​ក៏​ច្បាស់​ថា​កម្មវិធី​នេះ​មាន​សុវត្ថិភាព​ជាង​កម្មវិធី​ណា​ផ្សេងៗ​ពី​នេះ។

ប្រសិនបើ​អ្នក​បាន​ទាញ​យក​កម្មវិធី​ណា​មួយ​នា​ពេល​ថ្មីៗ​នេះ ដែល​មិន​មែន​មក​ពី​ប្រភព​ដែល​អ្នក​ប្រាកដ​ថា​មាន​សុវត្ថិភាព ១០០% អ្នក​គួរតែ​ពិចារណា​លុប​ពួក​វា​ចេញ​ដើម្បី​សុវត្ថិភាព។ ខណៈ​ពេល​ដែល​មេរោគ Daam អាច​ការពារ​ខ្លួន​វា​ពី​កម្មវិធី​កម្ចាត់​មេរោគ​មួយ​ចំនួន​បាន យើង​នៅតែ​ណែនាំ​ឱ្យ​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​ដែល​មាន​សមត្ថភាព​ខ្ពស់ ដើម្បី​ពង្រឹង​សុវត្ថិភាព​របស់​អ្នក​នៅ​លើ​អ៊ីនធឺណិត៕