ទម្លាប់​ទាំង ៥ ដើម្បី​សុវត្ថិភាព​លើ​ប្រព័ន្ធ​ឌីជីថល

មាន​ទម្លាប់​សាមញ្ញ​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង ហើយ​ប្រសិនបើ​អនុវត្ត​ជាប់លាប់ អាច​នឹង​កាត់​បន្ថយ​ហានិភ័យ​នៅ​លើ​ប្រព័ន្ធ​ឌីជីថល។

ទម្លាប់​ល្អ​ទាំង ៥ ដែល​អ្នក​គួរ​អនុវត្ត​មាន​ដូច​ខាងក្រោម៖

១- ត្រូវ​មាន​ទម្លាប់​ប្រុងប្រយ័ត្ន​ជានិច្ច

ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច នៅ​ពេល​ដែល​ទទួល​បាន​អ៊ីមែល​មាន​ឯកសារ​ភ្ជាប់ ឬ​តំណភ្ជាប់។ ទោះបីជា​អ្នក​ផ្ញើ​ជា​មនុស្ស​ដែល​អ្នក​ស្គាល់​ក៏ដោយ ត្រូវ​ពិនិត្យ​មើល​ម្ដង​ហើយ​ម្ដង​ទៀត មុន​ពេល​ចុច​លើ​ឯកសារ ឬ​តំណភ្ជាប់​ដែល​ផ្ញើ​មក។ ការ​ក្លែង​បន្លំ​ធ្វើ​ជា​មិត្តភ័ក្ដិ គឺជា​វិធីសាស្ត្រ​ដ៏​មាន​អានុភាព​ដែល​ពួក​អ្នក​ធ្វើ​កូដ​ព្យាបាទ (Hacker) ប្រើ​ដើម្បី​ចម្លង​មេរោគ​ទៅ​ក្នុង​ឧបករណ៍​របស់​អ្នក។

៣០% នៃ​សារ​បន្លំ ត្រូវ​បាន​បើក​ដោយ​អ្នក​ទទួល​ដែល​ជន​ទុច្ចរិត​បាន​ដៅ ហើយ ១២% នៃ​អ្នក​ប្រើប្រាស់​ទាំងនោះ​ចុច​លើ​ឯកសារ​ភ្ជាប់ ឬ​តំណភ្ជាប់​ដែល​មាន​ផ្ទុក​កូដ​ព្យាបាទ។

២- បញ្ជាក់​អត្តសញ្ញាណ​អ្នក​ស្នើសុំ​ព័ត៌មាន​ឯកជន​របស់​អ្នក

ទន្ទេញ​ពាក្យ​ថា «កុំ​ជឿ​អ្នក​ណា​ទាំងអស់» នៅ​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ពិភព​ឌីជីថល។ បញ្ជាក់​អត្តសញ្ញាណ​អ្នក​ស្នើសុំ​ព័ត៌មាន​ឯកជន​របស់​អ្នក។ ទោះបី​គេ​ជា​មនុស្ស​ដែល​អ្នក​ស្គាល់​ក៏ដោយ សូម​បញ្ជាក់​អត្តសញ្ញាណ​របស់​គេ​ឱ្យ​បាន​ច្បាស់លាស់​សិន មុន​ផ្តល់​ឱ្យ​គេ​នូវ​ព័ត៌មាន​ឯកជន​របស់​អ្នក។

៣- ការពារ​ពាក្យ​សម្ងាត់​របស់​អ្នក​ឱ្យ​បាន​ល្អ

កុំ​ប្រាប់​ពាក្យ​សម្ងាត់​របស់​អ្នក​ទៅ​អ្នក​ដទៃ ហើយ​ប្រើ​ពាក្យ​សម្ងាត់​វែង រឹងមាំ​ល្អ និង​បើក​មុខងារ​ផ្ទៀងផ្ទាត់​ពីរ​កត្តា។ ពាក្យ​សម្ងាត់​សុវត្ថិភាព គឺជា​គន្លឹះ​ក្នុង​ការ​រក្សា​គណនី ទិន្នន័យ និង​ព័ត៌មាន​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព។ ប្រសិនបើ​អ៊ីនធឺណិត​ជា​ទ្វារ ហើយ​ពាក្យ​សម្ងាត់​របស់​អ្នក គឺជា​កូនសោ នោះ​អ្នក​នឹង​មិន​ទុក​ឱ្យ​ទ្វារ​របស់​អ្នក​ចោល​ដោយ​មិន​ចាក់​សោ​នោះ​ទេ។ ដូច្នេះ​កុំ​ទុក​គណនី ឬ​ទិន្នន័យ​របស់​អ្នក​ចោល​ដោយ​មិន​បាន​ការពារ​ត្រឹមត្រូវ។ ពាក្យ​សម្ងាត់​ដែល​មាន​សុវត្ថិភាព គួរតែ​មាន​ធាតុផ្សំ​ដូច​ខាងក្រោម៖

  • វែង – យ៉ាងហោចណាស់​មាន ១៤​ខ្ទង់។
  • មាន​ភាព​ស្មុគស្មាញ – ប្រើ​តួ​អក្សរ​ផ្សេងៗ​គ្នា​សម្រាប់​បង្កើត​ពាក្យ​សម្ងាត់​សុវត្ថិភាព ដោយ​មាន​អក្សរ​តូច និង​អក្សរ​ធំ លេខ និង​តួ​អក្សរ​ពិសេស (ឧ៖ #@&)។
  • ប្លែក – ជ្រើសរើស​ពាក្យ​សម្ងាត់​ដែល​អ្នក​មិន​ធ្លាប់​ប្រើ ប៉ុន្តែ​វា​ងាយស្រួល​សម្រាប់​អ្នក​ក្នុង​ការ​ចងចាំ។
  • សម្ងាត់ – កុំ​ប្រាប់​ពាក្យ​សម្ងាត់​របស់​អ្នក​ដល់​អ្នក​ដទៃ ហើយ​កុំ​សរសេរ​វា​នៅ​កន្លែង​ដែល​ងាយស្រួល​ចូល​មើល ដូចជា​កម្មវិធី Note ជាដើម។

៤- ការពារ​ឧបករណ៍​របស់​អ្នក

សូម​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​កុំ​ទុក​របស់​របរ​អ្នក​ដោយ​មិន​មាន​ការ​ប្រុងប្រយ័ត្ន​នៅ​ទី​សាធារណៈ។ នៅ​ក្នុង​ឧបករណ៍​របស់​អ្នក គឺ​មាន​រក្សា​ទុក​ព័ត៌មាន​ផ្ទាល់ខ្លួន និង​អាជីវកម្ម​ផ្សេងៗ។ ប្រសិនបើ​ឧបករណ៍​ទាំងនោះ​បាត់ ឬ​ត្រូវ​បាន​គេ​លួច អ្នក​ក៏​បាត់បង់​ព័ត៌មាន​នេះ​ផង​ដែរ។ ក្នុង​ករណី​ដែល​អ្នក​មិន​មាន​ការ​បម្រុង​ទុក​រូបថត ទំនាក់ទំនង សារ SMSes ឯកសារ​របស់​អ្នក​នឹង​បាត់​ទៅ​ជា​រៀង​រហូត ហើយ​ប្រសិនបើ​ឧបករណ៍​របស់​អ្នក​មិន​មាន​បើក​មុខងារ​ការពារ​សុវត្ថិភាព​ត្រឹមត្រូវ​នោះ​ទេ ចោរ​អាច​ចូល​មើល ឬ​លួច។

អ្វី​ដែល​អ្នក​គួរ​ចងចាំ៖

  • កុំ​ទុក​ឧបករណ៍​របស់​អ្នក​ចោល​ដោយ​គ្មាន​ការ​យកចិត្ត​ទុកដាក់។ ទុក​វា​ជាមួយ​អ្នក​គ្រប់​ពេល ហើយ​បើក​មុខងារ​ចាក់សោ​អេក្រង់​ឲ្យ​បាន​ត្រឹមត្រូវ។
  • ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ថា អ្នក​មិន​បាន​ភ្លេច​អ្វី​ពេល​ចាកចេញ​ពី​យន្តហោះ រថភ្លើង ឬ​ភោជនីយដ្ឋាន។
  • ដាក់​ឧបករណ៍​សំខាន់​នៅ​ក្នុង​កាបូប​ដែល​យក​តាម​ខ្លួន​ឡើង​យន្តហោះ។
  • ធ្វើ​កូដនីយកម្ម​លើ​ឧបករណ៍​របស់​អ្នក ទាំង​ផ្ទាល់ខ្លួន និង​សម្រាប់​អាជីវកម្ម។
  • សម្អាត​ឧបករណ៍​របស់​អ្នក​ឱ្យ​បាន​ទៀងទាត់ ដើម្បី​ធានា​ថា​អ្នក​ធ្វើ​ដំណើរ​ជាមួយ​ទិន្នន័យ​ដែល​ចាំបាច់​ជា​អប្បបរមា​ប៉ុណ្ណោះ។
  • រាយការណ៍​ភ្លាមៗ​អំពី​ឧបករណ៍ ឬ​ឯកសារ​ដែល​បាន​បាត់ ទៅ​កាន់​មនុស្ស​ចាំបាច់ ដូចជា​អ្នក​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា។

៥. ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ (OS) កម្មវិធី​ទូរសព្ទ (Apps) និង​កម្មវិធី​រុករក (Browsers) របស់​អ្នក

ហេតុផល​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​បច្ចុបន្បភាព​កម្មវិធី​រុករក​របស់​អ្នក គឺ​ដើម្បី​រក្សា​ឧបករណ៍​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព និង​ការពារ​ពី​ការ​លួច​អត្តសញ្ញាណ ការ​វាយប្រហារ​ដោយ​បន្លំ មេរោគ trojans, Spyware, Adware និង​ប្រភេទ​មេរោគ​ផ្សេងៗ​ទៀត។ ការ​អាប់ដេត​កម្មវិធី​រុករក​តាម​អ៊ីនធឺណិត​ជាច្រើន ត្រូវ​បាន​ចេញ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ទាំងនេះ។

បើក​មុខងារ​ធ្វើ​បច្ចុប្បន្នភាព​ស្វ័យប្រវត្តិ ហើយ Restart ឧបករណ៍​របស់​អ្នក ដើម្បី​ធានា​ថា​ការ​ធ្វើ​បច្ចុប្បន្នភាព​ទទួល​បាន​ជោគជ័យ៕